ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម បង្កើត និងដឹកនាំការបោះពុម្ពផ្សាយដោយនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត នៃក្រសួងអប់រំ យុវជន និងកីឡា។ ទស្សនាវដ្ដីស្រាវជ្រាវនេះ មានឈ្មោះកាត់ជាភាសាខ្មែរថា «ទ.ក.អ.ស.» និងមានឈ្មោះជាភាសាអង់គ្លេសថា Cambodian Journal of Education and STEM ឬឈ្មោះកាត់ជាភាសាអង់គ្លេសថា «CJES» (ស៊ីជេស)។ ទស្សនាវដ្តីស្រាវជ្រាវនេះត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការស្រាវជ្រាវនៅកម្ពុជា តាមរយៈការជំរុញការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវជាភាសាខ្មែរ លើផ្នែកអប់រំ ស្ទែម (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) និងកសិកម្ម និងបង្កើនឯកសារស្រាវជ្រាវឱ្យកាន់តែសម្បូរបែបសម្រាប់លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និស្សិត សិស្ស និងអ្នកស្រាវជ្រាវខ្មែរទូទៅ ដើម្បីប្រើប្រាស់ក្នុងការស្រាវជ្រាវ និងការរៀបចំគោលនយោបាយនានា ព្រមទាំងជាជំនួយដល់ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាសម្រាប់អភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។
ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម ជាទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្តកម្រិតជាតិដែលឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីអ្នកជំនាញ (peer-reviewed journal) និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ទស្សនាវដ្តីស្រាវជ្រាវនេះ ទទួលបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវថ្មី ដែលមិនទាន់បានបោះពុម្ពនៅកន្លែងណាផ្សេង ទោះជាក្នុងភាសាណាក៏ដោយ រួមមានអត្ថបទស្រាវជ្រាវ (original articles) វិវេចនាអត្ថបទ (review articles) អត្ថបទទំនាក់ទំនងខ្លី (short communications) និងអត្ថបទសង្ខេបគោលនយោបាយ (policy briefs)។ ទស្សនាវដ្ដីស្រាវជ្រាវនេះ បោះពុម្ពពីរដងក្នុងមួយឆ្នាំ គឺនៅខែមីនា និងខែកញ្ញា នៃឆ្នាំនីមួយៗ។
នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត នៃក្រសួងអប់រំ យុវជន និងកីឡា