ភាពជាអ្នកដឹកនាំអប់រំឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សា៖តម្រូវការចាំបាច់ បញ្ហាប្រឈម និងកាលានុវត្តភាព

ទេព កូលាប,*  ឈាង សង្វាត  និងហេង គ្រេង

សាលាថ្នាក់ក្រោយបរិញ្ញាបត្រ វិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

អគ្គលេខាធិការដ្ឋានក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប្រទេសកម្ពុជា

*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ kolaptep@gmail.com | tep.kolap@ppiu.edu.kh

Kolap Tep1,*, Sangvath Chheang1, and Kreng Heng3

1Graduate School, National Institute of Education, Phnom Penh, Cambodia

2General Secretariat, Ministry of Education, Youth and Sport, Phnom Penh, Cambodia

*Corresponding author: kolaptep@gmail.com | tep.kolap@ppiu.edu.kh

DOI:https://doi.org/10.62219/cjes.2025324

ទទួលបានអត្ថបទ៖ ០៥ កុម្ភៈ ២០២៥កែសម្រួល៖ ១៥ មិថុនា ២០២៥ទទួលបានអត្ថបទ៖ ០៩ កញ្ញា ២០២៥
Received: 05 February 2025Revised: 15 June 2025Accepted: 09 September 2025
ការស្រាវជ្រាវអភិវឌ្ឍន៍យុទ្ធសាស្ត្រការដឹកនាំអប់រំឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មានគោលបំណងសិក្សាចំនួន ៣ រួមមាន៖ (១) សិក្សាស្វែងយល់ពីតម្រូវការចាំបាច់លើស្ថានភាពបច្ចុប្បន្ន និងស្ថានភាពរំពឹងទុកនៃការអនុវត្តការអប់រំឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សា និង (២) សិក្សាស្វែងរកពីបញ្ហាប្រឈម និង​​​​កាលានុវត្តភាពក្នុងការដឹកនាំអប់រំឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងរាជធានីភ្នំពេញ។ ការសិក្សាស្រាវជ្រាវនេះ បានប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវចម្រុះ (Mixed-Methods Research Design) ក្នុងការប្រមូលទិន្នន័យ និងវិភាគទិន្នន័យ។ អ្នកសិក្សាស្រាវជ្រាវ បានជ្រើសរើសសំណាកមកពីគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន ៦ស្ថាប័ន និងគ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន៣ស្ថាប័ន ដោយមានលក្ខណវិនិច្ឆ័យច្បាស់លាស់ (Purposive sampling) សម្រាប់ការប្រមូលទិន្នន័យបរិមាណវិស័យចំនួន ៣២១នាក់ និងអ្នកចូលរួមផ្តល់សម្ភាសន៍ទិន្នន័យគុណវិស័យចំនួន ១៨ នាក់។ ជាលទ្ធផល អ្នកសិក្សាស្រាវជ្រាវបានរកឃើញថា សមាសភាគចាំបាច់ក្នុងការអនុវត្តការអប់រំឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សា គឺហេដ្ឋារចនាសម្ព័ន្ធផ្នែកឌីជីថល ដែលមានសន្ទស្សន៍នៃតម្រូវការចាំបាច់ (PNI កែសម្រួល = ០,១៤៤) សមាសភាគដែលជាបញ្ហាប្រឈមនៃភាពជាអ្នកដឹកនាំអប់រំឌីជីថល គឺអភិបាលកិច្ច (មានពិន្ទុមធ្យមភាពខ្ពស់ជាងគេ = ៣,៤០ ឋិតក្នុងកម្រិត «មធ្យម») និងសមាសភាពដែលជាកាលានុវត្តភាពក្នុងការដឹកនាំអប់រំឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សា គឺការកសាងធនធានមនុស្ស (មានពិន្ទុមធ្យមភាគខ្ពស់ជាងគេ = ៣,៧៨ ស្ថិតក្នុងកម្រិត «ខ្ពស់»)។ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺសំដៅដល់គ្រឹះស្ថានឧត្តមសិក្សាត្រូវផ្តល់អាទិភាពលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលមានដូចជា ការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿន ប្រព័ន្ធ LMS និងឧបករណ៍ ICT ហេដ្ឋារចនាសម្ព័ន្ធដែលមានសមត្ថភាពរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) មជ្ឈមណ្ឌលទិន្នន័យ គោលការណ៍ជាក់លាក់ក្នុងការការពារទិន្នន័យ សុចរិតភាពក្នុងការអប់រំ និងសន្តិសុខសាយប៊័រ ដើម្បីបង្កើតការជឿទុកចិត្តពីសំណាក់អ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធឌីជីថល និងការវិភាគទិន្នន័យទៅក្នុងប្រព័ន្ធអប់រំ ដែលផ្តល់កិច្ចគាំទ្រដល់ដំណើរការការបង្រៀន និងរៀនទាំងក្នុងនិងក្រៅស្ថាប័ន។ ការកសាងធនធានមនុស្សឌីជីថល គឺសំដៅដល់គ្រឹះស្ថានឧត្តមសិក្សាត្រូវកសាងសមត្ថភាពធនធានមនុស្សឌីជីថលដល់គណៈគ្រប់គ្រង គ្រូបង្រៀន បុគ្គលិកអប់រំ និងនិស្សិតតាមរយៈការអភិវឌ្ឍវិជ្ជាជីវៈជាបន្ត ដោយរួមមាន អក្ខរកម្មឌីជីថល ការវិភាគទិន្នន័យ បច្ចេកទេសច្នៃប្រឌិត ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI literacy) វិធីសាស្ត្របង្រៀនសម័យថ្មី (Innovative Digital Pedagogy) និងវិធីសាស្ត្រវាយតម្លៃបែបឌីជីថល (Digital Assessment Techniques) ដែលផ្ដល់ឱកាសឱ្យបុគ្គលិកអប់រំ និងនិស្សិតទទួលបានបទពិសោធអប់រំទំនើបជាមួយបច្ចេកវិទ្យាថ្មីៗ ដូចជា AI, Big Data និង Metaverse។ លើសពីនេះ អ្នកដឹកនាំនៅគ្រឹះស្ថានឧត្តមសិក្សា ត្រូវមានការដឹកនាំគ្រប់គ្រងផ្លាស់ប្តូរ ដោយអភិវឌ្ឍន៍ធនធានមនុស្ស ឱ្យទៅជាធនធានមនុស្សមានចក្ខុវិស័យ និងផ្នត់គំនិតឌីជីថល និងភាពរហ័សរហួនក្នុងការផ្លាស់ប្តូរស្ថាប័នឱ្យស្របតាមវិវត្តន៍របស់បច្ចេកវិទ្យាផងដែរ។ គ្រឹះស្ថានឧត្តមសិក្សា ត្រូវបង្កើតវប្បធម៌នៃការច្នៃប្រឌិត និងការសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលជួយស្ថាប័នអាចសម្របខ្លួនទៅនឹងការវិវត្តនៃបច្ចេកវិទ្យាបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។
លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ចំណេះដឹង និងទិដ្ឋភាពថ្មីៗ ដែលបានផ្តល់ជាប្រយោជន៍លើភាពជាអ្នកដឹកនាំការអប់រំឌីជីថលនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា គូសបញ្ជាក់ពីតួនាទីសំខាន់នៃភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្រក្នុងការរុករកការផ្លាស់ប្តូរការអប់រំឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សាទាំងគ្រឹះស្ថានសាធារណៈ និងគ្រឹះស្ថានឯកជន។ ភាពជាអ្នកដឹកនាំ នៃការអប់រំឌីជីថលប្រកបដោយប្រសិទ្ធភាព គឺមិនមែនគ្រាន់តែអំពីការទទួលយកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធនឹងការធ្វើផែនការដ៏ទូលំទូលាយ ការណែនាំប្រកបដោយចក្ខុវិស័យ និងការគ្រប់គ្រងការផ្លាស់ប្តូរជារួម។ អ្នកដឹកនាំត្រូវតែដើរតួជាភ្នាក់ងារនៃការច្នៃប្រឌិត បង្កើតវប្បធម៌ស្ថាប័ន និងការអនុវត្តឆ្ពោះទៅរកភាពធន់នឹងឌីជីថល។ ចក្ខុវិស័យជាយុទ្ធសាស្រ្តគឺចាំបាច់សម្រាប់ដឹកនាំស្ថាប័ននៅកម្រិតឧត្តមសិក្សា តាមរយៈការផ្លាស់ប្តូរឌីជីថល សំដៅឆ្លើយតបដោយផ្ទាល់ទៅនឹងគោលនយោបាយជាតិ និងយុទ្ធសាស្រ្តកំណែទម្រង់ឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាចជួយឱ្យគ្រឹះស្ថានឧត្តមសិក្សា សម្របខ្លួនបានទៅក្នុងបរិបទសាកលភាវូបនីយកម្មអប់រំ និងបរិវត្តកម្មឌីជីថលក្នុងពេលបច្ចុប្បន្ន និងអនាគត។
ពាក្យគន្លឹះ៖ តម្រូវការចាំបាច់ បញ្ហាប្រឈម កាលានុវត្តភាព ការដឹកនាំអប់រំឌីជីថល គ្រឹះស្ថានឧត្តមសិក្សា
The objectives of this study, “Strategy Development on Leading Digital Education at Cambodian Higher Education Institutions,” were to: (1) assess the need for digital education implementation;​ and (2) look into opportunities and challenges in leading digital education. The study’s mixed methods involve collecting and analyzing data utilizing a concurrent research design. The study used purposive sampling to gather data from three public and three private organizations. While semi-structured interviews with 18 participants were used to collect qualitative data, 321 respondents provided quantitative data.
 
The results showed that the most important element for implementing digital education in Cambodian higher education was digital infrastructure (PNI Modified = 0.144). Governance was the primary challenge to leading digital education (M = 3.40, medium level), and capacity building was the opportunity (M = 3.78, high level) to lead digital education at higher education. Higher education institutions prioritize investing in digital infrastructure, including high-speed internet connections, learning management systems, and ICT tools, as part of their strategy to strengthen digital infrastructure. In order to gain the trust of stakeholders in digital systems and data analysis in educational systems, as well as to support teaching and learning for both internal and external institutions, digital infrastructure must be competent in AI integration, data centers, data security, and cybersecurity. Digital education capacity building refers to higher education institutions that offer professional development in areas like digital literacy, data analysis, creativity, AI literacy, innovative digital pedagogy, and digital assessment techniques to their faculty, students, and management team. Additionally, these institutions give educational staff and students the chance to experience innovative learning with modern technology, such as AI, big data, and the metaverse. Moreover, leaders in higher education must manage and lead change by transforming human resources into digital ones, implementing digital concepts, and quickly changing how the institution reacts to technology. In order to promote the institution’s adaptation to new technology and effectiveness, higher education institutions need to foster a culture of creativity and make use of new technological tools.
 
The study highlights innovative institutional culture, responsible governance, inclusive engagement, and imaginative planning. This study offers a useful framework for helping Cambodian universities meet the challenges of the twenty-first century and advance high-quality education via digital transformation.
Keywords: Needs assessment; challenges; opportunity; leading digital education; higher education institution

Document Type: Original Article